Wednesday, May 10, 2017

ខេមរៈ សិរីមន្ត គ្រោងបើកផលិតកម្មចម្រៀងផ្ទាល់ខ្លួន ពេលចប់កុងត្រាជាមួយ សាន់ដេ

តារា​ចម្រៀង​ល្បី​ឈ្មោះ​របស់​ផលិតកម្ម សាន់​ដេ លោក ខេមរៈ សិរីមន្ត គ្រោង​នឹង​បើក​ផលិតកម្ម​ផ្ទាល់​ខ្លួន​នា​ពេល​ដ៏​ខ្លី​ខាង​មុខ។ ការ​គ្រោង​បើក​ផលិតកម្ម​ចម្រៀង​ផ្ទាល់​ខ្លួននេះ​ ធ្វើ​ឡើង​​ចំពេល​​​កុងត្រាជា​មួយ​ផលិតកម្ម សាន់​ដេ នឹង​ផុត​ក្នុង​ពេល​ឆាប់ៗ។



តារា​ចម្រៀង​លោក ខេមរៈ សិរីមន្ត មិន​អាច​សុំ​ការ​បញ្ជាក់​បាន​ទេ ដោយ​ទូរសព្ទ​របស់​លោក​ មិន​អាច​ទាក់ទង​បាន។ យ៉ាង​ណា​លោក ខេមរៈ ភារុណ ត្រូវ​ជា​បងប្រុស និង​ជា​អ្នក​និពន្ធ​ល្បី​ឈ្មោះ​ម្នាក់លើក​ឡើងថា ការ​បើក​ផលិតកម្ម​ថ្មី​នេះ មិន​ទាន់​ដឹង​ច្បាស់​​យ៉ាង​ណា​ទេ ដោយ​រង់​ចាំ​ផុត​កុងត្រា​ជា​មួយ​ សាន់ដេ​ សិន។

អ្នក​និពន្ធ​រូប​នេះ​បញ្ជាក់​ថា "រឿង​ប្អូន​ប្រុស​ខ្ញុំ​គាត់​បើក​ផលិតកម្ម​ផ្ទាល់​ខ្លួន​ហ្នឹង​នៅវែងឆ្ងាយ​ទៀត ខ្ញុំ​មិន​អាច​បញ្ជាក់​ពេល​នេះ​បាន​ទេ។ អ្វីៗ​យើង​រង់​ចាំ​មើល ការ​ផុត​កុងត្រា​ជា​មួយ​ សាន់ដេ សិន"។
លោក ខេមរៈ ភារុណ បន្ត​ថា​ នេះ​​ជា​រឿង​ដ៏​ធំ និង​ស្មុគ្រស្មាញ​បំផុត​សម្រាប់​ការ​បើក​ផលិតកម្ម​។ ដូច្នេះហើយ​លោក ក៏​ដូច​ជា​ប្អូន​ប្រុស មិន​មែន​ចេះ​តែ​អាច​ធ្វើ​ឡើង​ភ្លាមៗ​បាន​នោះ​ទេ។ បន្ថែម​ពី​នេះ​លោក​បាន​អះអាង​ថា ​ដំណឹង​លេចលឺ​ថា​លោក និង​ប្អូន​ប្រុស​ត្រៀម​បើក​ផលិតកម្ម​ថ្មី ដោយ​មាន​ទំនាស់​ជា​មួយ​ម្ចាស់​ផលិតកម្ម សាន់ដេ គឺ​មិន​ពិត​ឡើយ។


អ្នក​និពន្ធ​រូប​នេះ​​ថា ត្រកូល ខេមរៈ ជា​មួយ​ផលិតកម្ម សាន់ដេ នៅ​តែ​ល្អូកល្អិន​ជា​មួយ​គ្នា​ដដែល បើ​ទោះ​ជា​កុងត្រា​ជិត​បំផុត​កំណត់​ហើយ​ក្ដី។

បើ​ទោះ​ជា​បែប​នេះ​ក្ដី​ យោង​ទៅ​តាម​ប្រភព​​អាច​​ទុក​ចិត្ត​បាន​​មួយ​បញ្ជាក់​ថា​​ត្រកូល ខេមរៈ ជា​ពិសេស​លោក ខេមរៈ សិរីមន្ត ផ្ទាល់​តែ​ម្ដង ត្រៀម​នឹង​បើក​ផលិតកម្ម ថ្មី​ក្នុង​ពេល​ឆាប់ៗ ក្រោយ​​ចប់​កុងត្រាជា​មួយ​ សាន់ដេ។ ការ​ត្រៀម​បើក​ផលិតកម្ម ផ្ទាល់​ខ្លួន​នេះ​ក៏​ព្រោះ​តែ​មួយ​រយៈ​ចុងក្រោយ​ទីផ្សារ​ចម្រៀង​របស់​លោក ហាក់​ស្ងប់ស្ងាត់ ដោយ​សាន់ដេ មិន​សូវ​ជា​ផ្ដល់ចម្រៀង​ឱ្យ រួម​នឹង​ជំហរ​ច្បាស់​លាស់​ដូច​ពេល​មុនៗ។ ប៉ុន្តែ​ដំណឹង​ទាំង​នេះ​ត្រូវ​បាន​ច្រានចោល​ដោយ​លោក ខេមរៈ សិរីមន្ត។

លោក ខេមរៈ​សិរីមន្ត រួម​នឹង​បងប្រុស និង​ប្អូន​ស្រី បាន​​ជ្រក​ក្រោម​ទ្រនំ សាន់ដេ ដោយ​គិត​មក​ទល់​នឹង​ពេល​នេះ​មាន​រយៈពេល៩ ទៅ​១០​ឆ្នាំ​ហើយ។ ក្នុង​រយៈ​ពេល​ដ៏​យូរ​នេះ​លោក​បាន​សាង​កេរ្តិ៍ឈ្មោះ​ល្បី​ខ្លាំង​ក្នុង​ពិភព​សិល្បៈ។ អ្នក​គាំទ្រ​​កំពុង​តែ​រង់ចាំ​មើល​ថា​ តើ​តារា​ចម្រៀង​រូប​នេះ មិន​បន្ត​កុងត្រាថ្មី​ជា​មួយ​ សាន់ដេ ហើយ​ឈាន​ទៅ​បើក​ផលិតកម្ម​ផ្ទាល់​ខ្លួន​មែន​នោះ អាច​នឹង​ល្បី​ឈ្មោះ​ដូច​នៅសាន់ដេ ឬ​ធ្លាក់​ចុះ​ជាង​មុន៕
Share:

0 comments:

Post a Comment

Definition List

Unordered List

Support