Wednesday, May 10, 2017

​កំពូល​និស្សិត​​ដែល​បាន​​បោះបង់​ការសិក្សា​​ហើយ​បាន​​ក្លាយជា​ កំពូល​​​មហាសេដ្ឋី ទាំង១០

អ្នកមានទ្រព្យសម្បត្តិនិងសហគ្រិនដែលមានឥទ្ធិពលបំផុតមួយចំនួននៅក្នុងពិភពលោកនេះរៀនមិនចប់មហាវិទ្យាល័យទេ។ ជាក់ស្តែង លោក Steve Jobs, Bill Gates និង Mark Zuckerberg ជាដើមសុទ្ធតែឈប់រៀនមុនពេលបានទទួលសញ្ញាបត្រ។ លោក Peter Thiel ថែមទាំងលើកទឹកចិត្តនិស្សិតដែលមានទេពកោសល្យឱ្យឈប់រៀនតាមរយៈការផ្គត់ផ្គង់អាហារូបករណ៍ដែលជូនរង្វាន់ជាទឹកប្រាក់ចំនួន១០០,០០០ដុល្លារប្រសិនបើមាននិស្សិតឆ្នើមណាឈប់រៀន។ បុគ្គលដែលមានទ្រព្យច្រើននិងមានគេស្គាល់ច្រើនទាំង១០នាក់នេះសុទ្ធតែបោះបង់ការសិក្សាទៅធ្វើកិច្ចការដែលគេចង់ធ្វើ៖


១/ Michael Dell
លោក Michael Dell ឈប់រៀននៅសកលវិទ្យាល័យ Texas ក្នុងឆ្នាំដំបូង នៅវ័យ១៩ឆ្នាំដើម្បីទៅបង្កើតក្រុមហ៊ុនបច្ចេកវិទ្យា ហើយពេលនេះក្រុមហ៊ុនរបស់លោកមានតម្លៃ២០.៩ពាន់លានដុល្លារ។

២/ Steve Jobs
ស្ថាបនិកក្រុមហ៊ុនApple ឈប់រៀនពីមហាវិទ្យាReed នៅពេលមានអាយុ១៩ឆ្នាំ ដោយសារគ្រួសារពិបាករកលុយផ្គត់ផ្គង់ពេក។ ទោះបីជារៀនមិនចប់មែន តែលោកSteve Jobs ទទួលបានចំណេះដឹងមូលដ្ឋានសំខាន់មួយពីមហាវិទ្យាល័យនោះដែរធ្វើឱ្យលោកយកទៅប្រើប្រាស់ក្នុងកុំព្យូទីមួយរបស់លោក។

៣/ Julian Assange
មុនពេលក្លាយជាអ្នកលួចយកឯកសារតាមកុំព្យូទ័រដ៏ល្បី លោកJulian Assange សិក្សាគណិតវិទ្យានៅសកលវិទ្យាល័យ Melbourne។ ស្ថាបនិកគេហទំព័រ WikiLeaks រូបនេះបង្ហាញគំនិតប្រឆាំងនឹងរដ្ឋាភិបាលនៅពេលលោកឈប់រៀនក្នុងវ័យ១៩ឆ្នាំ ដោយសារគេហាមមិនឱ្យនិស្សិតធ្វើការក្នុងគម្រោងកុំព្យូទ័រសម្រាប់យោធាអូស្រ្តាលី។

៤/ Bill Gates
លោកBill Gates រៀននៅសកលវិទ្យាល័យHarvard បានពីរឆ្នាំមុនពេលឈប់ទៅបង្កើតក្រុមហ៊ុនMicrosoft។ សព្វថ្ងៃគេស្គាល់លោកBill Gates ច្បាស់ថាជានិស្សិតរៀនមិនចប់ដែលជោគជ័យបំផុតរបស់Harvard ហើយក៏ជាមនុស្សដែលមានជាងគេបំផុតលើផែនដីនេះដែរ។

៥/ Evan Williams
លោកEvan Williams ធំដឹងក្តីឡើងនៅភូមិតូចមួយនៃរដ្ឋ Nebraska ជាកន្លែងដែលគ្រួសារលោកធ្វើកសិដ្ឋាន។ លោកចូលរៀននៅសកលវិទ្យាល័យបាន៣ឆមាសមុនពេលឈប់។ លោក Williams ធ្វើការក្រៅម៉ោងឱ្យក្រុមហ៊ុន HP និង Intel មុនពេលធ្វើការពេញម៉ោងនៅក្រុមហ៊ុនGoogle ហើយក្រោយមកក៏ឈប់ធ្វើការឱ្យគេទៅបង្កើតTwitter និងក្លាយខ្លួនជាមហាសេដ្ឋីដល់សព្វថ្ងៃ។

៦/ Mark Zuckerberg
លោកMark Zuckerberg ឈប់រៀនពីHarvard ទៅបង្កើតក្រុមហ៊ុនFacebook និងក្លាយជាអ្នកមានលំដាប់ទី៥ក្នុងពិភពលោក។ នៅក្នុងសៀវភៅ"The Facebook Effect" លោកប្រើពេលតែ៥នាទីប៉ុណ្ណោះដើម្បីសម្រេចចិត្តឈប់រៀន។

៧/ Larry Ellison
សព្វថ្ងៃលោកLarry Ellison ត្រូវគេស្គាល់ថាជាមហាសេដ្ឋីនិងជាស្ថាបនិកក្រុមហ៊ុន Oracle។ ប៉ុន្តែ នៅពេលលោកធំដឹងក្តី ម្តាយឪពុកចិញ្ចឹមរបស់លោកចង់ឱ្យលោកក្លាយជាវេជ្ជបណ្ឌិត។ លោកបានចូលរៀននៅសកលវិទ្យាល័យ Illinois និងសកលវិទ្យាល័យ Chicago ប៉ុន្តែពិបាករៀនពេទ្យពេកក៏បោះបង់ការសិក្សាចោល។ សព្វថ្ងៃនេះលោកមានទ្រព្យសម្បត្តិប្រហែល៥៥ពាន់លានដុល្លារ។

៨/ Jan Koum
សហគ្រិនអន្តោប្រវេសន៍Jan Koum ព្យាយាមដើម្បីបានចូលរៀននៅមហាវិទ្យាល័យ ហើយក៏ឈប់រៀនវិញមុនពេលរៀនចប់។ លោកទៅធ្វើការឱ្យក្រុមហ៊ុនYahoo ហើយក្រោយមកក៏បង្កើតកម្មវិធីផ្ញើសារដ៏ពេញនិយមមួយគឺ WhatsApp។

៩/ Travis Kalanick
មុនពេលក្លាយជាCEO និងស្ថាបនិកក្រុមហ៊ុនUber លោកTravis Kalanick សិក្សាវិស្វកម្មកុំព្យូទ័រនៅសកលវិទ្យាល័យCalifornia។ លោក Kalanick សម្រេចចិត្តឈប់រៀនត្រឹមតែពីរបីខែមុនពេលរៀនចប់ ដើម្បីទៅបង្កើតកម្មវិធីស្វែងរកពត៌មាន Scour។

១០/ John Mackey
លោក John Mackey សិក្សាសាសនានិងទស្សនវិជ្ជានៅសកលវិទ្យាល័យ Texas មុនពេលសម្រេចចិត្តបោះបង់ចោលការសិក្សា ទៅខ្ចីលុយគេ៤៥,០០០ដុល្លារ ដើម្បីបើកហាងអាហារសុខភាពឈ្មោះSaferWay។ សព្វថ្ងៃហាងរបស់លោក Mackey បានប្រែក្លាយខ្លួនទៅជាហាង Whole Foods ដែលលក់គ្រឿងទេសសរីរាង្គដ៏ល្បីល្បាញមួយក្នុងពិភពលោក។

ប្រែសម្រួល​៖​ ស៊ីនកែវ
ប្រភព៖ CNBC
Share:

0 comments:

Post a Comment

Definition List

Unordered List

Support