Thursday, May 11, 2017

មនុស្ស​ជោគជ័យ​ត្រូវ​ជម្នះ​រឿង​ទាំង៥នេះ

មនុស្ស​ជោគជ័យ​ត្រូវ​ជម្នះ​រឿង​ទាំង៥នេះ

មនុស្សជោគជ័យដោះស្រាយបញ្ហាក្នុងរបៀបខុសពីមនុស្សទូទៅ គឺនៅពេលមនុស្សទូទៅមើលឃើញឧបសគ្គ មនុស្សជោគជ័យមើលឃើញរឿងដែលត្រូវជម្នះ។ ការរក្សាផ្នត់គំនិតជោគជ័យមិនមែនជារឿងងាយស្រួលទេ មានរឿង៧ដែលច្រើនតែចូលមកបំផ្លាញផ្នត់គំនិតនេះ ហើយអ្នកត្រូវតែជម្នះឱ្យបាន៖



១/ អាយុ
អាយុគ្រាន់តែជាតួលេខទេ។ មនុស្សជោគជ័យមិនបណ្តោយឱ្យអាយុធ្វើជាកត្តាកំណត់អត្តសញ្ញាណ និងសមត្ថភាពរបស់គេទេ។ មនុស្សភាគច្រើនវាយតម្លៃអ្នកដទៃតាមរយៈសំបកក្រៅ គឺគេគិតថាវ័យនេះគួរតែធ្វើកិច្ចការនេះបាន ហើយវ័យនេះមិនអាចធ្វើកិច្ចការនេះបានជាដើម។ កុំស្តាប់មនុស្សទាំងនេះ តែត្រូវស្តាប់បេះដូងរបស់អ្នកវិញ និងដើរតាមឆន្ទៈរបស់ខ្លួនឯង។

២/ ការគិតរបស់អ្នកដទៃ
នៅពេលអ្នកវាស់ស្ទង់កម្រិតជោគជ័យរបស់អ្នកជាមួយនឹងអ្នកដទៃ អ្នកលែងជាម្ចាស់ការលើជោគវាសនារបស់ខ្លួនឯងទៀតហើយ។ ទោះបីជាអ្នកមិនអាចហាមឃាត់ប្រតិកម្មរបស់អ្នកចំពោះការគិតរបស់អ្នកដទៃ ក៏អ្នកមិនត្រូវយកសមិទ្ធផលរបស់ខ្លួនឯងទៅវាស់ស្ទង់តាមគំនិតអ្នកដទៃដែរ។ ទោះជាអ្នកដទៃនិយាយ ឬធ្វើអ្វីចំពោះអ្នក ក៏តម្លៃពិតប្រាកដរបស់អ្នកនៅតែកើតចេញពីខាងក្នុងខ្លួនអ្នកដែរ។ មនុស្សជោគជ័យដឹងច្បាស់ថាការយកចិត្តទុកដាក់ចំពោះពាក្យសម្តីរបស់អ្នកដទៃជាការខ្ជះខ្ជាយពេលវេលា។

៣/ មនុស្សបំពុល
មនុស្សជោគជ័យប្រកាន់ខ្ជាប់សុភាពសិតមួយឃ្លាគឺការសេពគប់ជារឿងសំខាន់។ សាកសម្លឹកមើលសាវតាក្រុមហ៊ុនជោគជ័យបំផុតក្នុងប្រវត្តិសាស្រ្តថ្មីៗនេះ អ្នកនឹកឃើញថាក្រុមហ៊ុនទាំងនោះបង្កើតឡើងដោយមនុស្សពីរនាក់ដែលមានចំណេះដឹងនិងឆន្ទៈប្រហាក់ប្រហែលគ្នា។ ជាក់ស្តែង លោកSteve Jobs និងលោកSteve Wozniak​ នៃក្រុមហ៊ុនApple ​រស់នៅក្បែរគ្នា លោកBill Gates និងលោក Paul Allen នៃក្រុមហ៊ុនMicrosoft រៀននៅសាលាជាមួយគ្នា លោកSergey Brin និងលោកLarry Page នៃក្រុមហ៊ុនGoogle ក៏រៀននៅសាលាជាមួយគ្នាដែរ។ រាប់អានជាមួយមនុស្សអស្ចារ្យនឹងជួយរុញច្រានអ្នកឱ្យសម្រេចបានសក្តានុពលរបស់អ្នក តែបើរាប់អានជាមួយមនុស្សបំពុល គេក៏នឹងទាញទម្លាក់អ្នកទៅក្នុងផ្លូវខុសដែរ។

៤/ ការភ័យខ្លាច
ការភ័យខ្លាចគ្មានអ្វីក្រៅពីអារម្មណ៍របស់អ្នកដែលបង្កើតឡើងដោយការស្រមើស្រមៃរបស់អ្នកទេ។ គ្រោះថ្នាក់មានពិត តែការភ័យខ្លាចគឺជាជម្រើសប៉ុណ្ណោះ។ មនុស្សជោគជ័យស្គាល់អាថ៌កំបាំងនេះ ហើយគេបង្វែរការភ័យខ្លាចទៅជាឈ្នាន់សម្រាប់ឈានទៅរកទីកាន់តែខ្ពស់។ កុំរុញរាក្នុងជីវិតដោយសារតែអ្នកមានអារម្មណ៍ភ័យខ្លាច។ តើមានរឿងអ្វីដែលអាក្រក់បំផុតក្នុងជីវិតមនុស្សម្នាក់ៗ? តើរឿងនោះអាចសម្លាប់ជីវិតអ្នកបានទេ? ការស្លាប់មិនមែនជារឿងអាក្រក់ទេ ប៉ុន្តែការដែលអ្នកបណ្តោយឱ្យខ្លួនឯងស្លាប់ទាំងនៅមានជីវិតគឺជារឿងដែលអាក្រក់បំផុត។

៥/ អតីតកាល ឬអនាគត
ស្រដៀងគ្នានឹងការភ័យខ្លាចដែរ អតីតកាលនិងអនាគតកើតចេញពីចិត្តរបស់អ្នក។ ទោះជាអ្នកសោយសោកដល់ណា ក៏អ្នកមិនអាចកែប្រែអតីតកាលបានដែរ ហើយទោះជាអ្នកបារម្ភ ឬអន្ទះសារយ៉ាងណាក៏នៅតែមិនអាចកែប្រែអនាគតបានដែរ។ មនុស្សជោគជ័យផ្តោតចិត្តរស់តែក្នុងពេលបច្ចុប្បន្នប៉ុណ្ណោះ។ អ្នកមិនអាចសម្រេចសក្តានុពលពេញលេញបានទេ បើអ្នករវល់តែរស់នៅក្នុងអតីតកាល ឬអនាគតកាល ហើយមិនអាចទទួលយកការពិតទាំងល្អ ទាំងអាក្រក់ដែលកំពុងតែកើតឡើងចំពោះអ្នក។ ដើម្បីរស់នៅក្នុងពេលបច្ចុប្បន្នឱ្យបានពេញលេញ អ្នកត្រូវតែទទួលយកអតីតកាល និងព្រមទទួលយកភាពមិនជាក់លាក់នៃអនាគត។

ប្រែសម្រួល​៖ ស៊ីនកែវ
ប្រភព​៖ Success Magazine
Share:

0 comments:

Post a Comment

Definition List

Unordered List

Support