Thursday, May 11, 2017

ច្បាប់ E-Commerce នឹងត្រូវអនុម័តបញ្ចប់នៅក្នុងឆ្នាំ២០១៧នេះ




ដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងពាណិជ្ជករក្នុងការធ្វើពាណិជ្ជកម្មតាមអនឡាញ (Online) នៅប្រទេសកម្ពុជា រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានអះអាងថា សេចក្ដីព្រាងច្បាប់ស្ដីពី E-Commerce នឹងត្រូវជំរុញឱ្យបានចប់នៅក្នុងឆ្នាំ២០១៧នេះ ខណៈកម្ពុជាបានចូលក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកនោះ ។
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ក្នុងកិច្ចប្រជុំលើកទី១៤ របស់គណៈកម្មការគ្រប់គ្រង និងជំរុញការរៀបចំសេចក្ដីព្រាងច្បាប់ថា ការរៀបចំសេចក្ដីព្រាងច្បាប់ទាក់ទងនឹងវិស័យពាណិជ្ជកម្មនេះ កម្ពុជាត្រូវតែខិតខំប្រឹងប្រែង ធ្វើឱ្យទាល់តែបាន ព្រោះជាសមាជិក និងបានចូលក្នុងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ហើយច្បាប់មួយចំនួននឹងជួយលើកស្ទួយផលិតផលក្នុងស្រុកឱ្យកាន់តែប្រសើរថែមទៀត។




ឯកឧត្តមបន្តថា ការបង្កើតឱ្យមានច្បាប់ E-Commerce នេះ គឺមានវិសាលភាពធំធេង ក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីផ្ដល់ភាពងាយស្រួលដល់អាជីវករ ពាណិជ្ជករ និងអ្នកវិនិយោគ ពិសេសកាត់បន្ថយការ ចំណាយផ្សេងៗ ក្នុងការបើកអាជីវកម្មនៅកម្ពុជា។

ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្រ្ដីមាន​ប្រសាសន៍​ថា ក្រសួងនឹងបន្ដខិតខំជំរុញសេចក្ដីព្រាងច្បាប់ទាំងអស់នេះ ឱ្យបានអនុម័ត ចេញឆាប់រហ័ស ដើម្បីបម្រើដល់ផលប្រយោជន៍រួមជូនប្រជាពលរដ្ឋ ពិសេសទាក់ទងនឹងវិស័យពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេស។ ច្បាប់ E-Commerce នេះពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយតម្រែតម្រង់ការអនុវត្ដច្បាប់ឱ្យបានត្រឹមត្រូវ និងមានស្ដង់ដារស្របតាមប្រទេសក្នុងតំបន់ និងអន្ដរជាតិ អាចធ្វើពាណិជ្ជកម្មឆ្លងពីកន្លែងមួយទៅកន្លែងមួយទៀតដោយមិនមាន កំណត់នូវព្រំដែន ពិសេសការអភិវឌ្ឍរីកចម្រើនក្នុងវិស័យពាណិជ្ជកម្ម។

ជាមួយគ្នានេះ សេចក្ដីព្រាងច្បាប់ស្ដីពី E-Commerce ត្រូវបានក្រសួងពាណិជ្ជកម្ម បញ្ជូនដល់ទីស្ដីការគណៈរដ្ឋមន្រ្ដីរួចហើយ ដើម្បីពិនិត្យ និងកែសម្រួលនូវខ្លឹមសារ មួយចំនួន មុននឹងឆ្លងនូវកិច្ចប្រជុំអន្ដរក្រសួង រួចបញ្ជូនទៅកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី បញ្ជូនទៅរដ្ឋសភា ព្រឹទ្ធសភា បន្ទាប់មកបញ្ជូនទៅព្រះមហាក្សត្រឡាយព្រះហស្តលេខា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

រហូតមកដល់ពេលនេះ ក្រសួងពាណិជ្ជកម្មបានរៀបចំតាក់តែង សេចក្ដីព្រាងច្បាប់ទាក់ទងនឹងវិស័យពាណិជ្ជកម្មសរុបចំនួន ៦ ក្នុងនោះរួមមាន សេចក្ដីព្រាងច្បាប់ស្ដីពី E-Commerce សេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ សេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចសន្យាពាណិជ្ជកម្ម សេចក្ដីព្រាងច្បាប់ស្ដីពីការប្រកួតប្រជែង សេចក្ដីព្រាងច្បាប់ស្ដីពីម្ហូបអាហារ និងសេចក្ដីព្រាងច្បាប់ស្ដីពី ឧបាស្រ័យពាណិជ្ជកម្មផងដែរ៕
Share:

0 comments:

Post a Comment

Definition List

Unordered List

Support