ពេលវេលាដែលអ្នករស់នៅមានដែនកំណត់ ដូច្នេះអ្នកគួរតែប្តេជ្ញាចិត្តរៀនជំនាញដែលផ្តល់ប្រយោជន៍ច្រើននិងយូរអង្វែង ហើយជំនាញទាំងនេះអាចរៀននៅក្នុងសាលាក៏បាន និងក្រៅសាលាក៏បាន។
១/ ជំនាញដឹងថាពេលណាមិនត្រូវនិយាយ
ធម្មជាតិរបស់មនុស្សតែងតែចង់បង្ហាញគេថាខ្លួនឯងត្រូវគ្រប់ពេល ប៉ុន្តែនេះមិនមែនជាទម្លាប់ល្អទេ។ នៅក្នុងស្ថានភាពខ្វែងគំនិតគ្នា អារម្មណ៍ដែលមិនបានពិនិត្យច្បាស់លាស់នឹងរុញច្រានអ្នកឱ្យធ្លាក់ចូលក្នុងរណ្តៅនៃការប្រយុទ្ធរកទីបំផុតគ្មាន។ បើអ្នកស្គាល់អារម្មណ៍ខ្លួនឯងច្បាស់ អ្នកអាចដឹងថាពេលណាត្រូវនិយាយហេតុផល និងពេលណាដែលត្រូវស្តាប់គេនិយាយវិញម្តង។ ក្នុងការពេលប្រកែកគ្នា រឿងដែលពិបាកធ្វើបំផុតគឺការបិទមាត់។
២/ ជំនាញគ្រប់គ្រងពេលវេលា
បញ្ហាធំបំផុតមួយដែលតែងតែចូលមកបំផ្លាញការគ្រប់គ្រងពេលវេលាឱ្យមានប្រសិទ្ធភាពគឺភាពបន្ទាន់។ បញ្ហាបន្ទាន់ច្រើនតែជាកិច្ចការកំប៉ិកំប៉ុកដែលចូលមករំខានអារម្មណ៍របស់អ្នកឱ្យគិតថាវាជារឿងដែលត្រូវធ្វើឱ្យហើយក្នុងពេលនេះ។ បើអ្នកបង្វែរអារម្មណ៍ពីកិច្ចការសំខាន់ទៅធ្វើការងារបន្ទាន់ទាំងនេះ អ្នកនឹងធ្លាក់ក្នុងរង្វង់នៃការងារមិនច្បាស់លាស់ដែលខាតពេលវេលាយ៉ាងច្រើន។
៣/ ជំនាញស្តាប់
មនុស្សជាច្រើនគិតថានេះជាជំនាញងាយស្រួលបំផុត គឺបើយើងមិននិយាយ មានន័យថាយើងកំពុងតែស្តាប់។ ការពិតមិនមែនបែបនេះទេ ភាគច្រើនយើងគិតថាយើងកំពុងតែស្តាប់ ប៉ុន្តែការពិតយើងកំពុងតែនឹកគិតរកចំណុច ឬពាក្យនិយាយឆ្លើយតបទៅមនុស្សដែលកំពុងតែនិយាយមករកយើង។ គោលដៅនៃការស្តាប់គឺដើម្បីយល់ មិនមែនគ្រាន់តែបិទមាត់នោះទេ។ ការរៀនពន្យាពេលវាយតម្លៃ និងផ្តោតចិត្តលើការយល់អ្នកដទៃឱ្យបានច្បាស់គឺជាជំនាញសំខាន់បំផុតមួយដែលអ្នកត្រូវចេះក្នុងជីវិត។ ការស្តាប់ពិតប្រាកដមិនមែនស្តាប់ត្រឹមតែពាក្យទេ គឺត្រូវសង្កេតទឹកមុខ មើលកាយវិការថែមទៀត។
៤/ ជំនាញក្នុងការបដិសេធ
ការសិក្សាស្រាវជ្រាវនៅសកលវិទ្យាល័យCalifornia រកឃើញថាបើអ្នកពិបាកនិយាយបដិសេធ អ្នកនឹងជួបបញ្ហាតានតឹងអារម្មណ៍ និងបញ្ហាផ្លូវចិត្តជាច្រើនទៀត។ ការនិយាយបដិសេធជារឿងដែលពិបាកធ្វើបំផុតសម្រាប់មនុស្សភាគច្រើន។ ដើម្បីមានភាពក្លាហានក្នុងការនិយាយបដិសេធ អ្នកត្រូវស្គាល់អាទិភាពសម្រាប់ខ្លួនឯងឱ្យបានច្បាស់ និងមិនត្រូវខ្លាចប៉ះពាល់អារម្មណ៍អ្នកដទៃឡើយ។ កុំយល់ព្រមទទួលធ្វើកិច្ចការដែលធ្វើឱ្យអ្នកស្តាកក្រោយ តែត្រូវហ៊ាននិយាយបដិសេធភ្លាមៗ។
៥/ ជំនាញគេងឱ្យបានគ្រប់គ្រាន់
យើងដឹងច្បាស់ថាការគេងបានគ្រប់គ្រាន់ជួយដល់ដំណើរការខួរក្បាល។ ការសិក្សាថ្មីៗនេះនៅសកលវិទ្យាល័យ Rochester បង្ហាញថានៅពេលយើងគេង ខួរក្បាលរបស់យើងបញ្ចេញសារធាតុពុល។ ប៉ុន្តែខួរក្បាលមនុស្សយើងអាចបញ្ចេញសារធាតុពុលទាំងនេះតែនៅពេលណាដែលយើងគេងបានស្កប់ស្កល់ប៉ុណ្ណោះ។ បើគេងមិនបានគ្រប់គ្រាន់តែ ខួរក្បាលរបស់យើងក៏នៅតែរក្សាសារធាតុពុលទាំងនោះកាន់តែច្រើនដែលរំខានដល់ការគិត និងបណ្តាលឱ្យឈឺក្បាល ឬអារម្មណ៍មិននឹងធឹងទៀតផង។ ដើម្បីគេងបានគ្រប់គ្រាន់ អ្នកមិនត្រូវទុកទូរសព្ទនៅក្បែរខ្លួន ហើយត្រូវឈប់គិតអ្វីទាំងអស់ពេលគេង។
ប្រែសម្រួល៖ ស៊ីនកែវ
ប្រភព៖ Forbes
0 comments:
Post a Comment