Thursday, May 11, 2017

ទម្លាប់​ប្រចាំថ្ងៃ​របស់មនុស្ស​ជោគជ័យ​ខ្លាំង

ក្នុងនាមជាម្ចាស់នៃជោគវាសនារបស់ខ្លួនឯង មនុស្សយើងជាម្ចាស់នៃទម្លាប់ផ្ទាល់ខ្លួនរបស់យើង។

មនុស្សយើងជាសត្វនៃទម្លាប់។ បើនរណាម្នាក់មានទម្លាប់អាក្រក់ មិនមែនមាន័យថាទម្លាប់នោះអាក្រក់ចេញមកពីកំណើតរបស់មនុស្សនោះទេ។ មនុស្សជោគជ័យបំផុតក្នុងភពផែនដីនេះសុទ្ធតែបង្កើតទម្លាប់ប្រចាំខ្លួនដើម្បីបញ្ជៀស ឬរារាំងទម្លាប់អាក្រក់ដែលបំផ្លាញដល់ដំណើរជោគជ័យរបស់គេ។

ការកំណត់វិន័យ ឬទម្លាប់ទៀងទាត់សម្រាប់ខ្លួនឯងជារឿងមិនងាយស្រួលដូចការនិយាយទេ។ លោកBenjamin Franklin បង្កើតទម្លាប់ក្រោកនៅម៉ោង៥ព្រឹករាល់ថ្ងៃ ហើយដាក់ឈ្មោះឱ្យម៉ោងនីមួយៗរបស់គាត់ដើម្បីប្រើប្រាស់ពេលវេលាឱ្យមានប្រសិទ្ធភាពបំផុត។ លោក Mark Zuckerberg កាត់បន្ថយសម្រេចចិត្តប្រចាំថ្ងៃតាមរយៈការពាក់អាវយឺតដូចគ្នារាល់ថ្ងៃ។ តើអ្នកបង្កើតទម្លាប់ល្អបានដូចម្តេច? ពិនិត្យមើលគំរូខាងក្រោមនេះរបស់មនុស្សជោគជ័យទាំងក្នុងអតីតកាលនិងក្នុងពេលបច្ចុប្បន្ន​ រួចជ្រើសរើសទម្លាប់ណាមួយដែលត្រូវនឹងចរិតរបស់អ្នក៖



១/ រក្សាវិន័យឱ្យបានតឹងរឹង
លោកBenjamin Franklin កំណត់ពេលវេលាប្រចាំថ្ងៃយ៉ាងជាក់លាក់ ហើយសួរខ្លួនឯងមួយថ្ងៃពីរដឹងគឺពេលព្រឹកសួរថាតើខ្ញុំនឹងធ្វើកិច្ចការល្អអ្វីខ្លះនៅថ្ងៃនេះ? ហើយពេលព្រលមមុនចូលគេងសួរសំណួរបញ្ជាក់មួយទៀតថាតើថ្ងៃនេះខ្ញុំបានធ្វើអ្វីល្អខ្លះ?
លោក Mark Zuckerberg ព្យាយាមកាត់បន្ថយជម្រើសប្រចាំថ្ងៃតាមរយៈការស្លៀកពាក់ខោអាវដូចគ្នារាល់ថ្ងៃដើម្បីយកពេលទៅគិតរឿងច្នៃប្រឌិតផ្សេងៗដែលមានប្រយោជន៍និងសំខាន់ជាងរឿងស្លៀកពាក់។
លោកElon Musk មានទម្លាប់បែងចែកពេលវេលាធ្វើការសម្រាប់ក្រុមហ៊ុនទាំងពីររបស់លោកយ៉ាងច្បាស់លាស់ គឺថ្ងៃចន្ទនិងថ្ងៃព្រហស្បតិ៍ធ្វើការតែសម្រាប់ក្រុមហ៊ុនSpaceX ថ្ងៃអង្គារនិងថ្ងៃពុធធ្វើតែការងារក្រុមហ៊ុនTesla ហើយថ្ងៃសុក្រធ្វើការទាំងពីរក្រុមហ៊ុន។

២/ បង្កើនចំណេះដឹងរាល់ថ្ងៃ
លោកWarren Buffett ចំណាយពេល៨០ភាគរយក្នុងមួយថ្ងៃដើម្បីអានសៀវភៅ។ រៀងរាល់ថ្ងៃលោកអានសៀវភៅប្រហែល៦០០ទៅ១០០០ទំព័រដើម្បីទទួលបានគំនិតថ្មីៗ និងចំណេះដឹងទូលំទូលាយ។
លោកBill Gates អានសៀវភៅមួយម៉ោងមុនពេលចូលគេងរាល់យប់។ យ៉ាងហោចណាស់លោកអានសៀវភៅមួយក្បាលក្នុងមួយសប្តាហ៍ ហើយរៀងរាល់ឆ្នាំលោកចែករំលែកគំនិតពីសៀវភៅដែលលោកបានអាន។
លោកស្រីOprah Winfrey ចាប់ផ្តើមអានសៀវភៅតាំងពីអាយុ៣ឆ្នាំ ហើយរហូតមកដល់សព្វថ្ងៃនៅតែមានទម្លាប់អានសៀវភៅរាល់ថ្ងៃ។ ក្រៅពីការងារផលិតកម្មវិធីទូរទស្សន៍លោកស្រីបង្កើតក្រុមអ្នកអានដែលណែនាំសៀវភៅល្អៗដល់មនុស្សទូទៅ។

៣/ ហាត់ប្រាណរាល់ថ្ងៃ
លោកRichard Branson ក្រោកពីដំណេកនៅម៉ោង៥ព្រឹក ដើម្បីលេងវាយសី ហែលទឹក ឬជិះក្តោងលើទឹក។ លោកអះអាងថាការហាត់ប្រាណទាំងនេះជួយបង្កើនពេលវេលានៃប្រសិទ្ធភាពការងារប្រចាំថ្ងៃបាន៤ម៉ោងក្នុងមួយថ្ងៃ។
លោកស្រីTyra Banks ជាអតីតតារាបង្ហាញម៉ូដ តារាសម្តែង និងជាអ្នកនិពន្ធសៀវភៅណែនាំឱ្យមនុស្សគ្រប់គ្នាហាត់ប្រាណដើម្បីសុខភាព និងភាពស្វាហាប់ក្នុងការងារប្រចាំថ្ងៃ។
លោកMark Cuban លេងបាល់ និងហាត់វាយបុក ធ្វើកីឡាផ្សេងៗមួយម៉ោងរាល់ថ្ងៃដើម្បីរុញច្រានព្រំដែននៃការគិតនិងសកម្មភាពប្រចាំថ្ងៃរបស់លោកដែលធ្វើឱ្យលោកមានលុយជាង៣ពាន់លានដុល្លារដូចសព្វថ្ងៃ។

៤/ បណ្តុះនិងរក្សាផ្នត់គំនិតល្អៗ
លោកSteve Jobs តែងតែរំលឹកសួរខ្លួនឯងរាល់ថ្ងៃថាបើថ្ងៃនេះជាថ្ងៃចុងក្រោយនៃជីវិតរបស់ខ្ញុំ តើខ្ញុំរីករាយនឹងកិច្ចការដែលខ្ញុំប្រុងធ្វើនៅថ្ងៃនេះទេ?​ បើចម្លើយអវិជ្ជមានច្រើនដង មានន័យថាមានអ្វីមួយខុសប្រក្រតីហើយ។
លោកស្រីSheryl Sandberg ជាមនុស្សសំខាន់ទីពីរនៅក្រុមហ៊ុនFacebook ប្រកាន់ទស្សនៈថាយើងទាញទម្លាក់ខ្លួនឯងទោះជាក្នុងកិច្ចការធំ ឬកិច្ចការតូចក៏ដោយ តាមរយៈការខ្វះជំនឿចិត្តលើខ្លួនឯង និងមិនចេះបញ្ចេញមតិយោបល់នៅពេលមានគំនិតអ្វីមួយ។
លោកThomas Edison ត្រូវគេស្គាល់ថាជាអ្នកច្នៃប្រឌិតដ៏អស្ចារ្យមួយរូប។ លោករៀនពីកំហុសនិងបរាជ័យ ហើយរុញច្រានព្រំដែននៃការច្នៃប្រឌិតរហូតរកឃើញដំណោះស្រាយ។

ប្រែសម្រួល​៖ ស៊ីនកែវ

ប្រភព​៖ Success Magazine
Share:

0 comments:

Post a Comment

Definition List

Unordered List

Support